ប្រធានាធិបតីហ្វីជី លោក Ratu Wiliame Katonivere (រ៉ាទូ វីលីយ៉ាម កាតូនីវែរ) បានអំពាវនាវឲ្យមាន «ការគោរព ចំពោះតំបន់របស់ខ្លួន» និងបញ្ឈប់ការធ្វើតេស្តមីស៊ីល នៅមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រទេសចិន បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា)។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) លោក Katonivere បានរំលឹកឡើងវិញពីប្រវត្តិសាស្ត្ររបស់មហាសមុទ្រប៉ាស៊ីហ្វិកថា ជាកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានកត់សម្គាល់ពីការបាញ់បង្ហោះដ៏កម្ររបស់ប្រទេសចិននូវមីស៊ីលបាលីស្ទិកអន្តរទ្វីប កាលពីថ្ងៃពុធ។
លោកបានលើកឡើងថា៖ «មានការសាកល្បងឯកតោភាគីនៃការបាញ់មីស៊ីលបាលីស្ទិកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ យើងជំរុញឲ្យមានការគោរព ចំពោះតំបន់របស់យើង និងអំពាវនាវសុំឲ្យបញ្ឈប់សកម្មភាពបែបនេះ»។
ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃពុធនោះថា មីស៊ីល ICBM ដែលផ្ទុកក្បាលគ្រាប់មិនពិត ត្រូវបានបាញ់បង្ហោះដោយកងកម្លាំងរ៉ូកែតរបស់កងទ័ពរំដោះប្រជាជនចិន នៅម៉ោង ៨:៤៤នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង (ត្រូវនឹងម៉ោង ០០:៤៤នាទី ម៉ោងសកល) កាលពីថ្ងៃពុធ ហើយបានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រតាមការរំពឹងទុក៕