បាល់ទាត់៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ចប់ការតតាំងផ្លូវច្បាប់ទល់នឹង ៣ក្លិបបាល់ទាត់ដែលពាក់ព័ន្ធនឹង European Super League ទៀតហើយរួមមាន Barcelona, Real Madrid និង Juventus។ ក្លិបទាំងបីនេះស្ថិតក្នុងចំណោមក្លិបចំនួន ១២ ដែលរួមគ្នាបង្កើតការប្រកួត European Super League ដែលក្រោយមកក៏ត្រូវបានដួលរលំក្រោយរងការរិះគន់ឥតឈប់ឈរ។

បន្ទាប់ពីការប្រកាសភ្លាមៗកាលពីខែមេសានៃពាន European Super League ក្លិបចំនួន ៩ ដែលរួមមានក្លិបនៅអង់គ្លេសទាំង ៦ ក៏បានដកខ្លួនបន្តបន្ទាប់គ្នាបន្សល់ទុកតែ Barcelona, Real Madrid និង Juventus។ ក្លិបទាំងបីត្រូវបានចោទប្រកាន់ និងស្ថិតក្រោមការស៊ើបអង្កេតថាមានបានបំពាននឹងច្បាប់របស់ UEFA។ តែមកដល់ថ្ងៃចន្ទម្សិលមិញនេះ UEFA ក៏បានប្រកាសពីការបិទសំណុំរឿងតតាំងគ្នានេះ។ មូលហេតុអ្វីដែលការតស៊ូផ្លូវច្បាប់របស់ UEFA ត្រូវបានបញ្ចប់ត្រឹមនេះ?
Barca, Real Madrid និង Juventus មានការគាំទ្រពីតុលាការនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញដែលកាលពីខែមេសាបានសំរេចថា UEFA មិនអាចចាត់វិធានការណាមួយប្រឆាំងនឹង Super League បានទេព្រោះវាតំណាងឱ្យការរំលោភលើច្បាប់ពាណិជ្ជកម្មសេរីអឺរ៉ុប។ ក្រោយមក UEFA បានឆ្លើយតបទៅនឹងការទាមទារកាលពីសប្តាហ៍មុន ដោយចៅក្រមឱ្យផ្អាកដំណើរការវិន័យរបស់ខ្លួនប្រឆាំងនឹងក្លឹបដែលនៅសល់ទាំង៣ ដោយសម្រេចចិត្តបញ្ចប់ការតាមច្បាប់របស់ពួកគេ៕
អត្ថបទនាង សុភាវុធ