ព្យុះសង្ឃរា Helene បានបោកបក់លើតំបន់ឆ្នេរ Big Bend រដ្ឋ Florida ក្នុងនាមជាព្យុះដ៏មានឥទ្ធិពលបំផុតវាយប្រហារសហរដ្ឋអាមេរិក ដោយក្រុមមន្រ្តីមានការព្រួយបារម្ភថា វានឹងបន្សល់ទុកមនុស្សស្លាប់និងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ពេលដែលវាបោកបក់ចូលដីគោក ។
ព្យុះដ៏ខ្លាំងក្លានេះដែរ បាននាំមកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យជន់លិចផ្លូវថ្នល់នៅតាមទីក្រុង និងទឹកហូរចូលផ្ទះសម្បែងប្រជាពលរដ្ឋ ។ សូម្បីមុនការមកដល់របស់ព្យុះ វាបណ្តាលឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ពលរដ្ឋជាង ១លាននាក់ និងធ្វើឲ្យទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើន ។
ក្រុមអាជ្ញាធរនិយាយថា មនុស្សម្នាក់ បានស្លាប់នៅរដ្ឋ Florida ពេលដែលព្យុះកម្រិតទី ៤នេះ បោកបក់ដល់ដីគោកនៅវេលាម៉ោង ១១ និង១០នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ ។
ក្រុមមមន្រ្តី មានការព្រួយបារម្ភថា គ្រោះថ្នាក់ដល់អាយុជីវិតនឹងរកឃើញបន្ថែមទៀតនៅថ្ងៃសុក្រនេះ ពេលដែលសន្ទុះខ្យល់បក់របស់ព្យុះមានល្បឿន ២២៥គ.មក្នុង ១ម៉ោង ។
គេរំពឹងផងដែរថា ព្យុះ Helene នឹងនាំឲ្យមានការកញ្ជ្រោលឡើងរបស់ព្យុះ ជាហេតុធ្វើឲ្យរលកទឹកសមុទ្រកម្ពស់ ៦ម៉ែត្របោកបក់លើដីគោក ហើយនិងនាំភ្លៀងកាន់តែខ្លាំងបន្ថែមទៀត ៕


