គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោក Lai Ching-te នៅថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) នេះ បានឲ្យដឹងថា មេដឹកនាំកោះតៃវ៉ាន់ កំពុងទន្ទឹងរង់ចាំធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងគណបក្សកាន់អំណាចរបស់ជប៉ុន ក្រោមការដឹកនាំរបស់លោក Shigeru Ishiba។
គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ishiba នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បន្ទាប់ពីបានឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ នៅព្រឹកថ្ងៃសុក្រនេះ ដោយនេះជាការប៉ុនប៉ងជាលើកទី៥ របស់លោក ដើម្បីកា្លយជាអ្នកដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។
គណបក្ស DPP បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយលទ្ធផលបោះឆ្នោតបង្ហាញថា លោកក្លាយជាមេដឹកនាំរបស់គណបក្ស LDP លោក Lai បានសម្ដែងការអបអរ ចំពោះលោក Ishiba ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ កាលពីខែមុន និងបានជួបជាមួយលោក Lai។
គណបក្ស DPP បានបន្ថែមថា គណបក្សទាំង២ មានទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ហើយលោក Lai តែងតែយកចិត្តទុកដាក់ខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងនេះ ហើយទន្ទឹងរង់ចាំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការផ្លាស់ប្តូរគ្នាជាប្រក្រតីលើគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការក្រោមការដឹកនាំរបស់លោក Ishiba។
តែយ៉ាងណាក្ដី គួរបញ្ជាក់ដែរថា ជប៉ុន ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ដែលទាមទារដោយប្រទេសចិននោះឡើយ។ ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសជប៉ុននេះហើយ ដែលគាំទ្រកោះតៃវ៉ាន់ខ្លាំងជាងប្រទេសណាទាំងអស់លើឆាកអន្តរជាតិ រហូតបង្កឲ្យមានការខឹងសម្បាជាញឹកញាប់ពីសំណាក់ទីក្រុងប៉េកាំង៕


