ចិន៖ យន្តហោះ និងគ្រឿងយុទ្ធោបករណ៍ការពារដែនអាកាសជាច្រើន នឹងត្រូវបានបង្ហាញនៅក្នុងពិព័រណ៍អាកាសចរណ៍ និងអវកាសអន្តរជាតិចិនលើកទី ១៣ ដែលត្រូវបានគេស្គាល់ផងដែរថា ជាពិព័រណ៍ចិនឆ្នាំ២០២១ នៅទីក្រុងជូហៃ ភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន។
ក្នុងនាមជាក្រុមហ៊ុនតាំងពិព័រណ៍មួយក្នុងចំណោមក្រុមហ៊ុនធំៗដ៏ទៃទៀត សាជីវកម្មអាកាសចរណ៍ចិន Ltd (AVIC) បង្កើតអនុតំបន់តាំងពិព័រណ៍សម្រាប់ការវាយប្រហារ និងការពារដែនសមុទ្រនៅឯពិព័រណ៍ចិនឆ្នាំ២០២១។ នៅកណ្ដាលស្តង់គឺជាសេណារីយ៉ូដែលគេរៀបចំដូចការពិតនៃបេសកកម្មកងម៉ារីនដែលពាក់ព័ន្ធ នាវាផ្ទុកយន្តហោះ Shandong យន្តហោះល្បាតប្រឆាំងនាវាមុជទឹក Y-8 និងយន្តហោះចម្បាំង JH-7E។ យានបាញ់មីស៊ីលមួយគ្រឿងក៏នឹងបង្ហាញខ្លួនលើកដំបូងនៅឯពិធីតាំងពិព័រណ៍ផងដែរ។ លោក Kang Dengjun អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានអវកាសចិន និងសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន Ltd (AVIC) បាននិយាយថា "នេះគឺជាយានបាញ់មីស៊ីលទូទៅដែលនឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងការតាំងពិព័រណ៍ឆ្នាំនេះ។ មីស៊ីលបាលីស្ទិកប្រឆាំងនាវាស្ទើរតែទាំងអស់ ដែលផលិតដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន AVIC អាចត្រូវបានបាញ់ចេញដោយយានបាញ់មីស៊ីលនេះ។

ជាមួយគ្នានេះដែរ មីស៊ីលការពារឆ្នេរសមុទ្រជាច្រើនគ្រាប់នឹងត្រូវដាក់បង្ហាញផងដែរ។ ក្នុងចំណោមនោះមីស៊ីលម៉ូឌែល CM-802B និង YJ-18E នឹងក្លាយជាចំណុចទាក់ទាញពិសេស។ យោងតាមលោក Kang មីស៊ីលម៉ូឌែល CM-802B អាចហោះទៅដល់គោលដៅចម្ងាយ ២៩០គីឡូម៉ែត្រ ខណៈដែលមីស៊ីលម៉ូឌែល YJ-18E អាចរក្សាល្បឿនលឿនជាងសំឡេងនៅផ្នែកដំបូងនៃការហោះហើររបស់ខ្លួន ហើយប្តូរទៅជាល្បឿនលឿនជាងមុនបន្ទាប់ពីចាប់បានគោលដៅភ្លាមៗមុនការវាយប្រហារ។ ប្រព័ន្ធអាវុធការពារដែនអាកាសចំនួនពីរនឹងត្រូវបានដាក់បង្ហាញផងដែរ គឺប្រព័ន្ធការពារដែនអាកាស FK-3 និងប្រព័ន្ធការពារដែនអាកាស FK-2000៕
អត្ថបទ៖ សុខមាន