អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កូរ៉េខាងត្បូង ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ទៅ ៣ភាគរយ ឬ ៣,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងការចរចាលើកិច្ចព្រមព្រៀងចែករំលែកការចំណាយលើការការពារជាតិ។
លោក Robert O'Brien ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតី លោក Donald Trump ពីឆ្នាំ ២០១៩-២០២១ បានធ្វើការអត្ថាធិប្បាយ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងរៀបចំការចរចាលើកទី៥ របស់ពួកគេ នៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ ដើម្បីកំណត់ចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូលសម្រាប់ការឈរជើងរបស់កងកម្លាំងអាមេរិកកូរ៉េ (USFK)។
លោក O'Brien បាននិយាយក្នុងអំឡុងវេទិកាស្តីពីការគំរាមកំហែងរបស់ចិនចំពោះសន្តិសុខអាមេរិកដែលរៀបចំដោយវិទ្យាស្ថានសហគ្រាសអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងត្រូវការសម្ព័ន្ធមិត្តរបស់យើង ចូលរួមចំណែក។ ប្រជាជនកូរ៉េខាងត្បូង មានរហូតដល់ ២,៥ ភាគរយនៃផលិតផល ក្នុងស្រុកសរុប ក្នុងវិស័យការពារជាតិ»។
លោកបានបន្ថែមថា៖«ចំនួនទាំងនេះ ចាំបាច់ត្រូវកើនឡើងដល់ ៣ ភាគរយ ឬ ៣,៥ ភាគរយ ដូចជាសហរដ្ឋអាមេរិក ដូច្នេះ (នោះ) យើងអាចចែករំលែកបន្ទុកជាមួយសម្ព័ន្ធមិត្តរបស់យើង»។
លោកបានសរសើរប្រទេសជប៉ុនសម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ «យ៉ាងច្រើន» ក្នុងអំឡុងរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida និងអ្នកកាន់តំណែងមុនរបស់លោកគឺ លោក Yoshihide Suga និង លោក Shinzo Abe ។