ចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនសង្ឃឹមថា ជប៉ុននឹងទទួលយកទិសដៅ និងការយល់ដឹងត្រឹមត្រូវរបស់ប្រទេសជិតខាងខ្លួន ហើយនិងសហការ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយសុខភាព និងស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ពេលសួរពីអតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់របស់ពួកគេ ។
លោក Shigeru Ishiba នឹងបន្តវេនពីលោក Fumio Kishida ជានាយករដ្ឋមន្រ្តីជប៉ុន ក្រោយឈ្នះការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតនៅថ្ងៃសុក្រនេះ នៅក្នុងការប៉ុនប៉ងលើកទី ៥របស់លោក ដើម្បីដឹកនាំគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP)។
អ្នកនយោបាយជើងចាស់វ័យ ៦៧ឆ្នាំរូបនេះ បានយកឈ្នះអ្នកជាតិនិយមរឹងរួសលោក Sanae Takaichi នៅការបោះឆ្នោតផ្តាច់ព្រ័ត្រ ដែលស្ថិតក្នុងចំណោមការបោះឆ្នោតជ្រើសរើសមេដឹកនាំមិនអាចព្យាករណ៍ទុកមុនខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ជាមួយបេក្ខជនជាប់កំណត់ត្រា ៩នាក់ នៅក្នុងការប្រកួតប្រជែង ៕