រថក្រោះ និងរថពាសដែកជាច្រើនគ្រឿងរបស់អ៊ីស្រាអែល ត្រូវបានមើលឃើញនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ ក្រោយមេបញ្ជាការកងទ័ពពួកគេ និយាយថា កងកម្លាំងរបស់ខ្លួន នឹងបន្តជួយរាល់លទ្ធភាពនៃការវាយប្រហារតាមជើកគោកឆ្លងកាត់ព្រំដេនលីបង់ ។
មេបញ្ជាការកងទ័ពអ៊ីស្រាអែលលោក Herzi Halevi និយាយប្រាប់ទាហានរបស់ខ្លួនកាលពីថ្ងៃពុធថា ការវាយប្រហារតាមច្រកអាកាសនៅតែបន្តនៅប្រទេសលីបង់ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្រុមហេសប៊ូឡា និងត្រៀមខ្លួនសម្រាប់បើកផ្លូវសម្រាប់ឲ្យទាហានវាយប្រហារតាមជើងគោក ។
ដោយឡែក មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែលលោក Tomer Bar បានលើកឡើងផងដែរពីចេតនាដូចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបញ្ជាក់ថា កងកម្លាំងរបស់លោកនឹងមានគោលដៅលើការបញ្ជូនអាវុធទៅកាន់លីបង់ ចេញពីប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមហេសប៊ូឡា ។
អ៊ីស្រាអែល បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ជាមួយក្រុមចលនាហេសប៊ូឡា ដោយពួកគេផ្គើនទៅនឹងសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក និងបានជំរុញឲ្យបន្តសង្រ្គាមដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅប្រទេសលីបង់ ហើយនិងធ្វើឲ្យមានការព្រួយបារម្ភថា សង្រ្គាមក្នុងតំបន់ពេញបន្ទុកនឹងអាចផ្ទុះឡើង ៕



