នៅថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារតាមច្រកអាកាសជាច្រើនលើកលើទីតាំងរបស់ក្រុមហេសប៊ូឡានៅតំបន់ភាគខាងត្បូងលីបង់ រួមទាំងជើងទម្រដែលបាញ់រ៉ុក្កែតលើទីក្រុង Haifa ។
ទីក្រុងកំពង់ផែភាគខាងជើងមួយនេះ ស្ថិតនៅក្នុងចំណោមតំបន់ជាយក្រុងធំបំផុតរបស់អ៊ីស្រាអែល ហើយត្រូវបានមើលឃើញការបាញ់ស្កាត់រាប់សិបលើកដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ចាប់តាំងការផ្ទុះអាវុធឆ្លងព្រំដែន បានកើនឡើងកាលពីសប្តាហ៍មុន ។
កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែល បានច្រានចោលបទឈប់បាញ់ជាមួយក្រុមហេសប៊ូឡា ដោយ ផ្គើនទៅនឹងសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ។
ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានវាយប្រហារជាច្រើនលើកលើទីក្រុង Beirut សំដៅទៅលើបណ្ដាមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសប៊ូឡា ។
កាលពីដើមសប្ដាហ៍នេះ ការវាយប្រហារនៅភាគខាងកើតលីបង់ បានសម្លាប់មនុស្សជាង ២០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនអន្តោប្រវេសន៍ស៊ីរី ។ នេះបើយោងតាមមន្ត្រីសុខាភិបាលលីបង់។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សជាច្រើននាក់ បានស្លាប់បន្ថែមទៀត បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ជាយភាគខាងត្បូងទីក្រុង Beirut ៕