រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ នៅថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) បាននិយាយថា អង្គការណាតូ (NATO) នឹងសាងទីបញ្ជាការដែនគោកថ្មី នៅក្នុងប្រទេសហ្វាំងឡង់ ជិតព្រំដែនរុស្ស៊ី នាឆ្នាំក្រោយ ដោយទីបញ្ជាការថ្មីនេះមានភារកិច្ចដឹកនាំប្រតិបត្តិការកម្លាំងជើងគោករបស់សម្ព័ន្ធភាព នៅតំបន់អឺរ៉ុបភាគខាងជើង ក្នុងករណីមានជម្លោះយោធា។
ប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការណាតូ កាលពីឆ្នាំមុន ដែលជាឆ្លើយតបទៅនឹងការលុកលុយពេញលេញរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងលើអ៊ុយក្រែនដែលបានចាប់ផ្តើម ក្នុងឆ្នាំ២០២២ ហើយកំពុងរៀបចំវត្តមានរបស់កម្លាំងរបស់សម្ព័ន្ធភាព នៅលើដែនដីរបស់ខ្លួន។
ដោយបន្តតាមការប្រកាសនៅខែមិថុនារបស់លោក ដែលថា ប្រទេសជាសមាជិកអង្គការណាតូទាំងអស់ បានផ្តល់ការយល់ព្រមខាងនយោបាយ សម្រាប់ផែនការនេះ លោករដ្ឋមន្ត្រី Antti Hakkanen បានប្រាប់ថាៈ «នៅព្រឹកនេះ ខ្ញុំបានសម្រេចថា យើងនឹងស្នើទៅអង្គការណាតូ ដើម្បីសាងទីបញ្ជាការ ដោយភ្ជាប់ជាមួយទីបញ្ជាការកងទ័ពនៅទីក្រុង Mikkeli»។
មជ្ឈមណ្ឌល ដែលអង្គការណាតូឲ្យឈ្មោះថា Multi Corps Land Component Command នឹងដំណើរការក្រោមទីបញ្ជាការឈ្មោះ Norfolk Joint Force Command របស់សម្ព័ន្ធភាព ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងរួមគ្នាជាមួយទីបញ្ជាការកងកម្លាំងផ្ទាល់របស់ប្រទេសហ្វាំងឡង់ដែលមានទីតាំងនៅទីក្រុង Mikkeli ដែលត្រូវធ្វើដំណើរប្រហែល ២ម៉ោង ពីព្រំដែនហ្វាំងឡង់-រុស្ស៊ី៕