យោងតាមទិន្នន័យពីរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) នេះ បានឲ្យដឹងថា ប្រទេសហៃទី បានជួបប្រទះនឹងទិដ្ឋភាពមនុស្សជិត ១៣នាក់ត្រូវបានសម្លាប់ជាមធ្យម ក្នុងមួយថ្ងៃៗ នាឆ្នាំនេះ ដែលជំរុញឲ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការជួញដូរអាវុធ ក្នុងចំណោមវិធានការផ្សេងទៀត ខណៈដែលសង្រ្គាមក្រុមអន្ធពាលធ្វើឲ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ។
យ៉ាងហោចណាស់មនុស្ស ៣.៤៥១នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីខែមករាមក។ នេះបើយោងតាមរបាយការណ៍ពីឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សដែលបានចេញផ្សាយប៉ុន្មានថ្ងៃមុនពេលអាណត្តិរបស់ UN សម្រាប់កងកម្លាំងសន្តិសុខ ដើម្បីគាំទ្រនគរបាលហៃទី ជិតផុតកំណត់។ ស្នងការ លោក Volker Turk បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖ «មិនគួរឲ្យមានការបាត់បង់អាយុជីវិតមនុស្សដោយសារឧក្រិដ្ឋកម្មគ្មានវិចារណញ្ញាណនេះទៀតទេ»។
ដើមឡើយ ប្រទេសហៃទីបានស្នើសុំឲ្យមានបេសកកម្ម នៅឆ្នាំ២០២២ ហើយវាត្រូវបានអនុម័ត កាលពី ១ឆ្នាំមុន ប៉ុន្តែគ្រាន់តែជាការដាក់ពង្រាយកងទ័ពតិចតួច ដែលត្រូវបានសន្យាដោយប្រទេសមួយចំនួនតូច ហើយការផ្តល់មូលនិធិ មានបរិមាណស្ដួចស្ដើងនៅឡើយ។ ហៃទីបានស្នើឲ្យ UN ពិចារណាប្រែក្លាយកងកម្លាំងនោះទៅជាបេសកកម្មរក្សាសន្តិភាពផ្លូវការ ដើម្បីទទួលបានមូលនិធិ និងទំហំស្ថិរភាព។
លោក Turk បានលើកឡើងថា វាច្បាស់ណាស់ថា បេសកកម្មត្រូវការ «ឧបករណ៍ និងបុគ្គលិកសមស្រប និងគ្រប់គ្រាន់ ដើម្បីប្រឆាំងក្រុមឧក្រិដ្ឋជនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ហើយបញ្ឈប់ពួកគេកុំឲ្យរីករាលដាលបន្ថែមទៀត និងកុំឲ្យមានការបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្ស»៕


