រដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់លោក Firass Abiad និយាយថា មនុស្សជាង ២៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីព្រឹកថ្ងៃសុក្រនេះ ។
លោក Abiad បន្តថា សេចក្តីថ្លែងការណ៍លម្អិតលើចំនួនមនុស្សស្លាប់សុរប និងអ្នករងរបួស នឹងត្រូវបញ្ចេញនៅយប់ថ្ងៃសុក្រ ឬព្រឹកថ្ងៃសៅរ៍ស្អែក ។
លោក Youseff Bakhash គឺជាប្រធានសមាគមគ្រូពេទ្យលីបង់ បានប្រកាសផងដែរពីការបើកមណ្ឌលគ្រូពេទ្យជំនាញសម្រាប់តាមដាន និងថែទាំអ្នករងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
ពួកគេនឹងមានវត្តមាននៅមន្ទីរពេទ្យរដ្ឋ Rafik al Hariri និង Baabda រៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ។
លោក Bakhash និយាយថា មណ្ឌលគ្រូពេទ្យជំនាញនេះ នឹងបំពាក់ដោយវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ ដែលខ្វាយខ្វល់ពីអ្នករងរបួសនៅក្នុងសង្រ្គាម ។
ជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធន់ធ្ងន់ហេសប៊ូឡា គឺជាសង្រ្គាមដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជាង ១៨ឆ្នាំកន្លងមកនេះ និងជាផ្នែកមួយនៃសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ជាយនៃរដ្ឋធានី Beirut ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១៥នាក់ផ្សេងទៀត រងរបួស រួមទាំងស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ធ្វើឲ្យចំនួនមនុស្សស្លាប់កាលពីថ្ងៃព្រហស្បតិ៍កើនឡើងដល់ ២៨នាក់ និងធ្វើឲ្យមនុស្សស្លាប់សរុប កើនឡើងដល់ជាង ៦០០នាក់ ចាប់តាំងពីថ្ងៃចន្ទរហូតមក ៕