មនុស្សជាងពាក់កណ្តាលនៃពលរដ្ឋ ៥០លាននាក់ នៅក្នុងប្រទេសស៊ូដង់ កំពុងរងគ្រោះដោយសារភាពស្រេកឃ្លានធ្ងន់ធ្ងរ ហើយមនុស្សរាប់រយនាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារការអត់ឃ្លាន និងជំងឺពាក់ព័ន្ធនឹងភាពស្រេកឃ្លាន ។
ប៉ុន្តែជំនួយអន្តរជាតិសង្រ្គោះជីវិត ដូចជាប្រេងឆា អំបិល គ្រាប់ធុញ្ញជាតិ ពុំអាចទៅដល់ដៃមនុស្សរាប់លាននាក់ដែលត្រូវការវាខ្លាំងបំផុតនោះទេ ។
នៅក្នុងចំណោមពួកគេគឺអ្នកស្រី Raous Fleg គឺជាស្រ្តីមានកូន ៩នាក់ អាយុ ៣៩ឆ្នាំ ។ អ្នកស្រីរស់នៅក្នុងជំរំជនភៀសខ្លួនដ៏ធំមួយ ក្នុងស្រុក Boram ស្ថិតនៅរដ្ឋ South Kordofan គឺជាជំរំជ្រកកោនមួយគេចចេញពីជម្លោះបង្កឡើងដោយសារសង្រ្គាមស៊ីវិលរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ។
ចាប់តាំងពីអ្នកស្រី Fleg បានមកដល់ទីនេះ កាលពីរយៈពេល ៩ខែមុន ជំនួយស្បៀងអាហារអង្គការសហប្រជាជាតិ(UN) បានមកដល់តែម្តងគត់ កាលពីខែឧសភា ។ អ្នកស្រីនិយាយថា ចំណែកជំនួយសម្រាប់គ្រួសាររបស់គាត់ បានអស់ត្រឹមរយៈពេល ១០ថ្ងៃ ។
ជំរំមួយនេះដែលមានមនុស្សរស់នៅប្រហែល ៥ម៉ឺននាក់ ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមក្នុងស្រុក ដែលកាន់កាប់តំបន់ប្រហែលពាក់កណ្តាលនៅក្នុងរដ្ឋ South Kordofan ។
ក្រុមមន្រ្តីជំនួយនិយាយថា កងទ័ពស៊ូដង់ ពុំអនុញ្ញាតឲ្យជំនួយស្បៀងអាហារភាគច្រើន ឆ្លងកាត់ខ្សែបន្ទាត់គ្រប់គ្រងចូលទៅក្នុងតំបន់នោះឡើយ ។
ដូច្នេះហើយជារៀងរាល់ថ្ងៃ បន្ទាប់ថ្ងៃរះ អ្នកស្រី Fleg និងស្ត្រីស្គមស្គាំងស្លេកស្លាំងដទៃទៀតមកពីជំរំមួយនេះ ធ្វើដំណើរ ២ម៉ោង ចូលទៅក្នុងព្រៃ ដើម្បីបេះស្លឹកឈើ ។
ពេលធ្វើដំណើរកាលពេលពេលថ្មីៗនេះ ស្រ្តីជាច្រើន នាំគ្នាទទួលទានស្លឹកឈើឆៅ ដើម្បីចម្អែតក្រពះបំបាត់ការស្រេកឃ្លានរបស់ពួកគេ ។
ពេលវិលត្រឡប់មកដល់ជំរំវិញ ស្រ្តីទាំងនេះ ចម្អិនស្លឺកឈើ ស្ងោរវាក្នុងឆ្នាំជាមួយគ្រាប់អំពិល ដើម្បីឲ្យវាកាន់តែមានរស់ជាតិជាងនេះ ។
អ្នកស្រី Fleg និយាយថា ខ្ញុំខ្លាចនៅទីនេះ ពីព្រោះថា ខ្ញុំមិនដឹងថាតើខ្ញុំត្រូវរស់ ឬខ្ញុំត្រូវស្លាប់នោះទេ ៕