អាមេរិក៖ អ្នកនាំពាក្យសេតវិមាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកចំពោះប្រទេសចិនគ្មានការផ្លាស់ប្ដូរទេ បើទោះបីជាមានកិច្ចព្រមព្រៀងពន្យារពេលកាត់ទោសរវាងក្រសួងយុត្តិធម៌អាមេរិក និងនីតិប្រតិបត្តិរបស់ប្រទេសចិនក៏ដោយ។

លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ចិន បានត្រលប់មកប្រទេសចិនវិញកាលពីថ្ងៃសៅរ៍ ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ លោកស្រី Meng ត្រូវបានចាប់ខ្លួនក្នុងផ្ទះនៅប្រទេសកាណាដា បន្ទាប់ពីលោកស្រីត្រូវបានឃុំខ្លួននៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៨ តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្រោយមកលោកស្រីត្រូវបានក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ពីបទលួចបន្លំ និងការចោទប្រកាន់ផ្សេងទៀត។
រដ្ឋាភិបាលអាមេរិកបានដកសំណើរបស់ខ្លួនចំពោះការធ្វើបត្យាប័នលោកស្រី Meng បន្ទាប់ពីលោកស្រីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិក។ បុរសជនជាតិកាណាដា ២នាក់ត្រូវបានដោះលែងពីពន្ធនាគារនៅប្រទេសចិន ក្នុងពេលដំណាលគ្នានឹងការវិលត្រឡប់របស់លោកស្រីមកប្រទេសចិនវិញ។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងរវាងករណីរបស់លោកស្រី Meng និងការដោះលែងជនជាតិកាណាដាទាំង ២នាក់នោះពុំមានជាប់ពាក់ព័ន្ធនឹងគ្នាទេ៕
អត្ថបទ៖ សុខមាន