ភ្នំពេញ ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់កម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួនពីរ គឺឆ្នាំទី៣“វគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)” និងឆ្នាំទី១ “ការកសាងសមត្ថភាពលើការអប់រំបម្រែបម្រួលអាកាសធាតុ និងការចោលកាកសំណល់ក្នុងរាជធានីភ្នំពេញ”, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ឆយ មូន ជុង(CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា រួមជាមួយនឹង ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម បណ្ឌិតថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។ វគ្គតម្រង់ទិសនេះ បាននាំយកសិក្ខាកាម ចូលរួមសរុប៣០នាក់ មកពីក្រសួងនានា។
វគ្គតម្រង់ទិសមុនចេញដំណើរ មានគោលបំណងសម្រាប់មន្ត្រីកម្ពុជារៀបចំពេលវេលាស្នាក់នៅរបស់សិក្ខាកាមនៅសាធារណរដ្ឋកូរ៉េ ដោយផ្តល់ព័ត៌មានសំខាន់ៗអំពីវប្បធម៌ និងទិដ្ខភាពជីវិតរស់របស់កូរ៉េ ដោយធានាថាសិក្ខាកាមអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីការបណ្តុះបណ្តាលរបស់ពួកគាត់។ មន្ត្រី កយកា-KOICA ប្រចាំប្រទេសកម្ពុជាបានណែនាំសិក្ខាកាមទាំងអស់ អំពីទិដ្ឋភាពសំខាន់ៗនៃការរស់នៅប្រទេសកូរ៉េ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA)និងអំពីក្រមសីលធម៌សម្រាប់កម្មវិធីបណ្តុះបណ្តាល។ ឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៣ សម្រាប់ “វគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)” គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងជំនាញ និងចំណេះដឹងរបស់អ្នកទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលអ្នកការទូតនាពេលអនាគត។ នៅពេលដែលការទូតកាន់តែមានសារៈសំខាន់នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស កម្មវិធីនេះបានបំពាក់ឱ្យសិក្ខាកាមនូវវិធីសាស្រ្តបង្រៀនថ្មីៗ និងទស្សនៈអន្តរជាតិ ដែលអនុញ្ញាតឱ្យគ្រូបង្គោលរៀបចំប្រកបដោយប្រសិទ្ធភាពនូវអ្នកការទូតកម្ពុជាជំនាន់ក្រោយសម្រាប់ការតំណាងពិភពលោក។
បញ្ហាសំខាន់មួយទៀត ដែលត្រូវបានគូសបញ្ជាក់ នោះគឺ “ការកសាងសមត្ថភាពលើការអប់រំបម្រែបម្រួលអាកាសធាតុ និងការចោលកាកសំណល់ក្នុងរាជធានីភ្នំពេញ”ដែលឥឡូវ នេះគឺជាឆ្នាំទី១។ ក្នុងនាម ជារាជធានីរបស់ប្រទេសកម្ពុជា រាជធានីភ្នំពេញ គឺនាំមុខគេក្នុងការដោះស្រាយបញ្ហាប្រឈម បរិស្ថាន ជាបន្ទាន់ រួមទាំងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាកសំណល់ ។ កម្មវិធីនេះមានគោលបំណងដោះស្រាយបញ្ហាទាំងនេះដោយការអប់រំអ្នកចូលរួមអំពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសគ្រប់គ្រងកាកសំណល់ និងនិរន្តរភាពបរិស្ថាន។ អ្នកដែលពាក់ព័ន្ធនឹងមិនត្រឹមតែទទួលបានចំណេះដឹងស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់ភាពធន់នឹងបរិស្ថានរបស់កម្ពុជា។
កម្មវិធីអភិវឌ្ឍន៍សមត្ថភាពទាំងនេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ កយកា-KOICA ក្នុងការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) នៅក្នុងប្រទេសដៃគូដូចជាកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ កយកា-KOICA អញ្ជើញ និងគាំទ្រអ្នកជំនាញកម្ពុជា ដោយជួយពួកគាត់ឱ្យទទួលបានចំណេះដឹងឯកទេសដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត៕
អត្ថបទ រដ្ឋា








