
ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល បានពង្រាបអគារចំនួន៦កន្លែងឱ្យទៅជាកម្ទេចកម្ទី នៅទីតាំងបន្ទាយរបស់ក្រុមហេសបូឡាក្នុងទីក្រុងបេរូតភាគខាងត្បូង កាលពីថ្ងៃសុក្រ ដោយ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេបញ្ជូនទៅកាន់តំបន់លំនៅឋានដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
ការវាយប្រហារជាបន្តបន្ទាប់ បានអង្រួនទីក្រុងបេរូត និងតំបន់នៅជុំវិញរបស់ទីក្រុងនេះ ដោយធ្វើឱ្យអ្នកស្រុកប្រញាប់ប្រញាល់ រត់គេចខ្លួនទៅកាន់ទីសុវត្ថិភាព។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់និង ៧៦នាក់រងរបួស។
រូបភាពរបស់សារព័ត៌មាន AFP បានបង្ហាញពីពពកផ្សែងខ្មួលខ្មាញ់ហុយឡើងចេញពីតំបន់ Haret Hreik នៅជាយក្រុងភាគខាងត្បូង។ ប្រជាជនក្នុងតំបន់ នាង Hammoud បាននិយាយថា ការវាយប្រហារបានរំឭកនាងអំពីសង្គ្រាមធំចុងក្រោយរបស់ក្រុមហេសបូឡា ជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០០៦ ដែលនៅពេលនោះ ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ស្ថិតនៅក្រោមការវាយឆ្មក់យ៉ាងខ្លាំង។

កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនវាយប្រហារស៊ីបគោលដៅ លើ ទីបញ្ជាការកណ្តាលរបស់ក្រុមហេសបូឡា ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិយាយថា បានកំណត់គោលដៅលើមេបញ្ជាការក្រុម លោក Hassan Nasrallah ដែលធ្វើឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនលីបង់ ដោយភ័យខ្លាចពីការកើនឡើងសង្គ្រាមកាន់តែធំ បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់តគ្នាស្ទើរតែរាល់ថ្ងៃ ដែលភាគច្រើនបានដាក់ការរឹតត្បិតនៅតំបន់ព្រំដែន។