នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្កោលទោសប្រទេសអ៊ីរ៉ង់ និងបានការពារការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ និងនៅតំបន់ហ្កាហ្សា ក្នុងសុន្ទរកថា នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៧ខែកញ្ញា ខណៈ ក្រុមអ្នកការទូត បានជំរុញដើម្បីធានាបានការផ្អាកជម្លោះដែលកំពុងរាលដាល។
លោក Netanyahu បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយនិយាយយោងទៅរកការកើនឡើងនៃអំពើហិង្សារវាងក្រុមហេសបូឡានៅលីបង់ និងអ៊ីស្រាអែល ថា «អ៊ីស្រាអែល បានអត់ធ្មត់ចំពោះស្ថានភាព ដែលមិនអាចអត់ឱនបាន ក្នុងរយៈពេលជិតមួយឆ្នាំហើយ។ យើងមកទីនេះ នៅថ្ងៃនេះ ដើម្បីនិយាយថា វាល្មមគ្រប់គ្រាន់ហើយ។
គណៈប្រតិភូជាច្រើននាក់ បានដើរចេញ ខណៈលោក Netanyahu បានដើរទៅជិតដល់តុថ្លែងសុន្ទរកថា ហើយអ្នកគាំទ្រលោកនៅក្នុងសាល បានអបអរសាទរ។ លោកបាននិយាយថា «ប្រទេសរបស់ខ្ញុំកំពុងតែមានសង្គ្រាម ប្រយុទ្ធដើម្បីជីវិតរបស់ខ្លួន»។
លោកនិយាយថា «យើងត្រូវការពារខ្លួនយើង ប្រឆាំងឃាតករដ៏ឃោឃៅទាំងនេះ។ សត្រូវរបស់យើងមិនត្រឹមតែស្វែងរកការបំផ្លាញយើងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ព្យាយាមបំផ្លាញអរិយធម៌ទូទៅរបស់យើង ហើយយើងទាំងអស់គ្នាត្រឡប់ទៅយុគសម័យដ៏ខ្មៅងងឹតនៃអំណាចផ្តាច់ការ និងភេរវកម្ម។
នៅប្រទេសលីបង់ភាគខាងត្បូង អ៊ីស្រាអែលបានបន្តវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា ខណៈ អ្នកការទូតនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភថា ការវាយប្រហារ អាចផ្ទុះឡើងជាសង្រ្គាមនៅក្នុងតំបន់ទាំងមូល។