
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញផ្តល់អំណោយជាថវិកា និងសម្ភារៈជូនកងកម្លាំងស្នងការដ្ឋាន នគរបាលខេត្តយោធាខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទាំង ៣ប្រភេទ ដែលកន្លងមកតែងតែខិតខំថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ក្នុងការថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងពេល បំពេញការងារ និងពេលសម្រាកលំហែផងដែរ។
គួរបញ្ជាក់ថា អំណោយដែល ឯកឧត្តមអភិបាលខេត្ត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្តកំពង់ចាមរួមមាន ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានថវិកា ចំនួន ១០លានរៀល ម៉ាស ២ម៉ឺន សន្លឹក និងទឹកអាល់កុល ១៥០លីត្រ យោធាខេត្តទទួលបានថវិកា ១០លានរៀល ម៉ាស ២ម៉ឺន សន្លឹក និងទឹកអាល់កុល ១៥០លីត្រ និងកងរាជអាវុធហត្ថខេត្ត ទទួលបានថវិកាចំនួន ១០លានរៀល ម៉ាស ១ម៉ឺន សន្លឹក និង ទឹក អាល់កុល ចំនួន ១៥០លីត្រផងដែរ៕


