ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា បំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើប្រតិបត្តិការជីករករ៉ែមាសគ្មានការអនុញ្ញាតនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ។ មនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន។
លោក Irwan Effendi ប្រធានការិយាល័យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា អ្នកភូមិកំពុងជីកយករ៉ែមាសកាលពីថ្ងៃព្រហស្បតិ៍នៅស្រុកដាច់ស្រយាល Solok ក្នុងខេត្ត West Sumatra នៅពេលល្បាប់បានច្រាលធ្លាក់ពីលើភ្នំជុំវិញនោះហើយកប់ពួកគេ។
លោកបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់ត្រូវបានកប់ ហើយមនុស្ស ៣ នាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះទាញចេញដោយទាំងមានជីវិតទោះរងរបួសក្ដី។
កិច្ចខិតខំប្រឹងប្រែងស្វែងរកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅជិតភូមិ Nagari Sungai Abu ត្រូវបានរារាំងដោយបំណាក់ដីដែលភាគច្រើនគ្របដណ្តប់តំបន់នោះ បណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនី និងកង្វះទូរគមនាគមន៍ជាដើម។
ប្រតិបត្តិការរុករករ៉ែខុសច្បាប់គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជួយសម្រាលបន្ទុកដល់អ្នកមានជីវភាពខ្វះខាតរាប់ពាន់នាក់ ដោយធ្វើការក្នុងស្ថានភាពហានិភ័យខ្ពស់នៃការរងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិត៕