អូស្ត្រាលី និងហ្វីលីពីន បាននិយាយថា យោធារបស់ខ្លួនធ្វើសកម្មភាពដែនសមុទ្ររួមគ្នាជាមួយប្រទេសជប៉ុន នូវែលសេឡង់ និងសហរដ្ឋអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសហ្វីលីពីន ដែលគ្របដណ្តប់លើទីតាំងមួយក្នុងចំណោមទីតាំងដ៏រសើបបំផុតជាច្រើនរបស់អាស៊ី។
ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថាសកម្មភាពសហប្រតិបត្តិការដែនសមុទ្របង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងការគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពឥណ្ឌូប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នាវាកងទ័ពជើងទឹក HMAS Sydney និងយន្តហោះល្បាតដែនសមុទ្រ Royal Australian Air Force P-8A Poseidon ធ្វើប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់យើង។
សមយុទ្ធរួមគ្នានេះ កើតឡើងបន្ទាប់ពីឧបទ្ទវហេតុតាមផ្លូវអាកាស និងសមុទ្ររវាងហ្វីលីពីន និងចិន ដែលបានធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងលើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Scarborough Shoal ជាតំបន់ប្រកួតប្រជែងតឹងតែងបំផុតមួយរបស់អាស៊ី ដែលត្រូវបានកាន់កាប់ដោយអង្គភាពឆ្មាំល្បាតឆ្នេររបស់ចិនអស់រយៈពេលជាងមួយទសវត្សរ៍៕