បាត់ដំបង ៖ អាជ្ញាធរសហការជាមួយមន្រ្តីសុខាភិបាលបាន ចុះយកសំណាកលើព្រះសង្ឃជាង ១៤០០អង្គ ដែលគង់នៅក្នុងវត្តទាំង៣១ ក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌកន្លងទៅ។
លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា មានវត្តចំនួន៦ក្នុងចំណោមវត្តទាំង៣១ ក្នុងក្រុងបាត់ដំបង ត្រូវបានយកសំណាក លើព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ ។
លទ្ធផលទាំង៦វត្តនេះ រកឃើញ មានវិជ្ជមានកូវីដ១៩ពីរវត្តប៉ុណ្ណោះ គឺវត្តស្លាកែត ក្នុងចំណោមព្រះសង្ឃជាង១០០អង្គ រកឃើញ វិជ្ជមានកូវីដ១៩លើកូននេនមួយអង្គ និងយាយជីដាំបាយម្នាក់ និង វត្តធម្មការរាម រកឃើញ តាអាចារ្យម្នាក់មានវិជ្ជមានកូវីដ១៩។
លោកបញ្ជាក់ថា មន្រ្តីសុខាភិបាលនឹងបន្តធ្វើសំណាកលើ ព្រះសង្ឃចំនួន ១៤៣៣អង្គដែល គង់នៅ វត្តទាំង៣១វត្តនៅក្រុងបាត់ដំបងទាំងអស់ ចំណែកវត្តនៅតាមបណ្តាស្រុកនានា នឹងធ្វើសំណាក លើទីតាំងវត្តណាដែលមានការពាក់ព័ន្ធ ឬក៏សង្ស័យមានឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃប៉ុណ្ណោះ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តនៅតាមបណ្តាស្រុកចំនួន៤ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩លើព្រះសង្ឃ ដែលក្នុងនោះមាន វត្តអូរស្វាយប្រឹសនៅស្រុកភ្នំព្រឹក , វត្តគីរីរតនៈ នៅស្រុកកំរៀង និង វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល។ ចំណែកវត្តមួយចំនួនទៀត ក៏មានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ផងដែរ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ស្រុកបវេល ត្រូវបានយកសំណាក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥៨អង្គ ខណៈព្រះសង្ឃគង់វត្តមួយចំនួនទៀត ត្រូវបានមន្រ្តីសុខាភិបាលចុះយកសំណាកជាបន្តបន្ទាប់។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វត្តសរុបក្នុងខេត្តបាត់ដំបង មានចំនួន៣៨៥វត្ត ក្នុងនោះធម្មយុត្តិ១៥វត្ត ដែលមានព្រះសង្ឃគង់សរុប ចំនួន៦៣៣២អង្គ ។
បន្ទាប់ពីរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។
អាជ្ញាធរខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលក្នុងតំបន់ត្រូវបិទខ្ទប់ ។
ព្រមជាមួយគ្នានោះ អាជ្ញាធរក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងវិធានការ រដ្ឋបាលដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្ត៕





