ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិសេសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាវេលាម៉ោង៣រសៀល ល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤នេះ នៅសាលមហោស្រពកោះពេជ្រ។
លោកជំទាវបណ្ឌិតបានសរសេរនៅលើបណ្ដាញសង្គមនារសៀលនេះថា៖«ក្រោយពីបាន share នូវការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ នាងខ្ញុំនៅតែមិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិសេសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤ វេលាម៉ោង៣រសៀលនេះ»។
លោកជំទាវបណ្ឌិតបានបង្ហាញអារម្មណ៍ថា លោកជំទាវពិតជារីករាយនឹងរំភើបចំពោះឈុតឆាកសម្តែង រួមផ្សំនឹងដេគ័រ ពន្លឺ បច្ចេកទេសគ្រប់យ៉ាងល្អឥតខ្ចោះ ដែលញ៉ាំងឲ្យការសម្តែងកាន់តែមានសោភណ្ឌភាពអស្ចារ្យ ពិសេសខ្លឹមសារដ៏ជ្រាលជ្រភនៃប្រវត្តិសាស្ត្រយើងដែលបង្ហាញនូវវីរភាពនៃអង្គក្សត្រាគ្រប់គ្រងដែនចក្រភពខ្មែរយើងនាសម័យមហារនគរដ៏រុងរឿង។
លោកជំទាវបណ្ឌិតបានអំពាវនាវដល់បងប្អូន ពូមីងយាយតា អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ឲ្យបានច្រើនកុះករ នៅមានការសម្តែងថ្ងៃទី២៩ កញ្ញា មួយថ្ងៃទៀត។ លោកជំទាវបណ្ឌិតក៏បាន អរគុណសិល្បករ ពិសេសអ្នករៀបចំកម្មវិធី និងក្រុមការងារទាំងអស់ ក្នុងបុព្វហេតុសិល្បៈវប្បធម៌ខ្មែរ។
សូមជម្រាបថា របាំ «ព្រះបាទជយវរ្ម័នទី៧» ជារបាំរឿងដែលត្រូវបានសម្រិតសម្រាំង គ្រឿងអាភរណៈ និងសម្លៀកបំពាក់យ៉ាងល្អវិចិត្រ ក្បាច់រាំយ៉ាងទន់ភ្លន់ ហើយខ្លឹមសារសាច់រឿង ក៏ត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់ ពីឯកសារជាច្រើនដែរ។ ស្នាដៃដែលដំឡើងដោយលោកស្រី ឱម យុវណ្ឌី ក៏ធ្លាប់បានយកទៅសម្ដែង នៅក្នុងមហាព្រឹត្តិការណ៍ “រាត្រីចងចាំ” នាខេត្តសៀមរាប នាពេលកន្លងទៅផងដែរ។
មហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» បានត្រឡប់មកវិញជាមួយបទពិសោធន៍កាន់តែអស្ចារ្យជាងមុន ចាប់ពីនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ៕











