កណ្តាល ÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ និងអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៤៥០ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាវឌ្ឍនភាពការងារជុំវិញកម្មវិធីមួយចំនួនរបស់គណបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ចការងារនាខែកន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ជាពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការរៀបចំសិក្ខាសាលាយុទ្ធសាស្រ្តដែលជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំតែងតែធ្វើជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា និងឆ្ពោះទៅកាន់ការដាក់ទិសដៅខែបន្ទាប់៕
អត្ថបទ រដ្ឋា
















