ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមនាឱកាសនោះរួមមានឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុងស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនិវត្តជន សរុប៧៥២នាក់, នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់នាឱកាសនោះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយធនធាន និងពេលវេលា ដើម្បីរៀបចំកម្មវិធីពិសារអាហារសាមគ្គីជាមួយពូមីងនិវត្តជន ជាអតីតមន្រ្តីរាជការសុីវិលនាឱកាសនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជូនពរដល់ឯកឧត្តម គណៈអធិបតី អ៊ំពូមីង ទាំងអស់ អោយជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការផងដែរ។
មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង និវត្តជនជាអតីតមន្រ្តីរាជការសុីវិល តាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ឯកឧត្តម បានបន្តថា ជំនួបនេះនឹងត្រូវថែរក្សាតទៅមុនបន្ថែមទៀត ដើម្បីបន្តទំនាក់ទំនងរវាងគ្នានិងគ្នា និងបង្កើតនូវអនុស្សាវរិយ៍ជាមួយគ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអ៊ំប្រុស អ៊ំស្រីដែលជានិវត្តជនទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំឱ្យប្រទេសកម្ពុជាមកដល់ថ្ងៃនេះ និងបានផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយបន្ថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មន្រ្តីរាជការដែលជាឆ្អឹងខ្នងក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕
អត្ថបទ រដ្ឋា















