មណ្ឌលគីរី ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ខែកញ្ញានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី។
យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ខែកញ្ញានេះ រាជធានី-ខេត្តចំនួន ២០ហើយដែលបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តចំនួន៥ទៀត គ្រោងបញ្ចប់យុទ្ធនាការក្នុងពេលឆាប់ៗនេះដែរ។ខេត្តចំនួន៥ដែលគ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនោះរួមមាន ៖ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។



