ប្រភពពីខាងសុខាភិបាល បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារ ២ថ្ងៃ ដោយពួកទាហានប៉ារ៉ាស៊ូដង់លើតំបន់ Darfur (ដាហ្វួរ) របស់ទីក្រុង El-Fasher (អែល-ហ្វាសេ) បានសម្លាប់មនុស្ស ៤៨នាក់ ដោយហេតុការណ៍វាយប្រហារនោះកើតឡើងបន្ទាប់ពីមេដឹកនាំពិភពលោក បានអំពាវនាវឲ្យបញ្ចប់ការឈឺចាប់របស់ប្រទេសនេះ។

ប្រភពពីសុខាភិបាល នៅមន្ទីរពេទ្យ ក្នុងទីក្រុង El-Fasher បានប្រាប់សារព័ត៌មាន AFP ថា ការបាញ់កាំភ្លើងធំពីកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សចំនួន ៣០នាក់ និងរងរបួសរាប់សិបនាក់ គិតត្រឹមថ្ងៃសុក្រតែមួយ ខណៈដែលកងជីវពល និងកងទ័ពជាតិ កំពុងប្រជែងគ្នាដណ្តើមគ្រប់គ្រងរដ្ឋធានីរបស់រដ្ឋ North Darfur (ណ័រ ដាហ្វួរ)។

ដោយសុំនិយាយក្នុងលកខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារការវាយប្រហារម្តងហើយម្តងទៀតលើបុគ្គលិកសុខាភិបាល និងមន្ទីរពេទ្យ ប្រភពបានបន្ថែមថា ការបាញ់ផ្លោងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើផ្សារមួយកន្លែង បានបណ្ដាលឲ្យមាន «អ្នកស្លាប់ចំនួន ១៨នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ» កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍ ដោយ «អ្នកខ្លះ ត្រូវបានភ្លើងឆេះស្លាប់ និងខ្លះទៀតស្លាប់ដោយគ្រាប់ផ្លោង»។

គួរបញ្ជាក់ថា ស្ថានភាពរបស់ស៊ូដង់ និងជាពិសេស នៅទីក្រុង El-Fasher បាន និងកំពុងត្រូវបានពិភាក្សា ក្នុងសប្តាហ៍នេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីរយៈពេល ១៧ខែនៃការប្រយុទ្ធគ្នាដ៏បង្ហូរឈាម រវាងកងកម្លាំង RSF និងកងទ័ពជាតិ។