មន្ទីរពេទ្យនានា នៅភាគខាងត្បូងប្រទេសលីបង់ បានជួបនឹងការកំបាក ដោយសារលើសសមត្ថភាពផ្ទុក បន្ទាប់ពីចំនួនអ្នករបួស និងអ្នកស្លាប់ កើនឡើង ក្រោយមានការវាយប្រហារតាមអាកាសជាច្រើនថ្ងៃពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលអះអាងថា ពួកគេកំពុងកំណត់គោលដៅលើទីតាំងជាយុទ្ធសាស្ត្ររបស់ក្រុមហេសបូឡា នៅក្នុងតំបន់។

យោងតាមប្រភពយោធាលីបង់ បានឲ្យដឹងថា មនុស្សជាង ២០នាក់ បានស្លាប់ និង ៦៥នាក់ ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ជាច្រើន នៅភាគខាងត្បូងលីបង់។

ហើយជាមួយគ្នានេះ ប្រភពបានប្រាប់ទៀតថា ការវាយប្រហារនោះ ក៏បានធ្លាក់ត្រូវគ្លីនិក និងមជ្ឈមណ្ឌលការពារជនស៊ីវិលមួយចំនួនផងដែរ ដោយបានសម្លាប់មនុស្ស ១២នាក់ ហើយ ១៥នាក់ផ្សេងទៀត រងរបួស ដែលភាគច្រើនជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកពន្លត់អគ្គិភ័យ។ នៅទីក្រុង Saksakiyeh (សាកសាគីយេ) ប្រព័ន្ធវេជ្ជសាស្ត្រក្នុងតំបន់ ជួបនឹងបញ្ហាផ្ទុកអ្នកជំងឺលើសបរិមាណ បន្ទាប់ពីមានការវាយប្រហារជាច្រើនថ្ងៃ។
បុគ្គលិកពេទ្យដែលបានទុកក្រុមគ្រួសាររបស់ពួកគេនៅដោយឡែក និងកំពុងធ្វើការពេញម៉ោង បាននិយាយថា អ្នករបួស និងអ្នកស្លាប់ គឺមានចំនួន «គួរឲ្យព្រួយបារម្ភខ្លាំង» ហើយពួកគេអំពាវនាវឲ្យអង្គការអន្តរជាតិចូលជួយអន្តរាគមន៍ និងផ្តល់ជាជំនួយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ នៅប្រទេសលីបង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ដែលនេះជាការធ្វើសកម្មភាពយោធាដ៏ធំបំផុតរបស់អ៊ីស្រាអែល គិតចាប់តាំងពីឆ្នាំ២០០៦ មក៕