កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត តំណាងរាស្ត្រ មន្ត្រីរាជការ ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងវត្តតាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តរួមជាមួយ មន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមនានា ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាម។ ថវិកា និងទេយ្យទាន សម្រាប់ចូលរួមកាន់បិណ្ឌវេនទី១២ ក្នុងវត្តអារញ្ញាការរាម និងវត្តតាសុតនៅថ្ងៃនេះ ជាការផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ព្រះរាជអាជ្ញា និងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាប គប្បីបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកទន្លេ និងត្រូវរស់នៅស្អាត ហូបស្អាត ផឹកទឹកដាំពុះ ថែរក្សាអនាម័យអោយបានល្អ ទើបមានសុខភាពល្អ៕ កាំង ហុងវាស្នា













