អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើន នៅក្នុងប្រទេសលីបង់ នាថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ ដោយបានដាក់សម្ពាធទៅលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយការវាយប្រហារបន្ថែមទៀត បន្ទាប់ពីខ្លួនបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយការសម្លាប់មេដឹកនាំរបស់ក្រុម គឺលោក Sayyed Hassan Nasrallah (សាយយេដ ហាសសាន ណាស្រាលា)។

យោធាអ៊ីស្រាអែល បាននិយាយថា កម្លាំងទ័ពអាកាស បានវាយប្រហារទៅលើគោលដៅភេរវករហេសបូឡា រាប់សិបកន្លែង នៅលីបង់ ក្នុងនោះរួមទាំងទាំងជើងទម្របាញ់រ៉ូកែតសំដៅទៅកាន់ដែនដីអ៊ីស្រាអែល ជារចនាសម្ព័ន្ធដែលផ្ទុកអាវុធ ហើយនិងហេដ្ឋារចនាសម្ព័ន្ធភេរវកបន្ថែមផ្សេងទៀត។

ជាមួយគ្នានេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាពេលព្រឹក កងទ័ពជើងទឹក បានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួនបានស្ទាក់ចាប់រ៉ូកែត ១គ្រាប់ ដែលបាញ់សំដៅចូលទៅកាន់ប្រទេសអ៊ីស្រាអែលពីតំបន់សមុទ្រក្រហម ហើយចំនួន ៨គ្រាប់ផ្សេងទៀតដែលបាញ់ចេញមកពីប្រទេសលីបង់ បានធ្លាក់នៅតំបន់ទីវាល។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ លើទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut (បេរូត) បានបណ្ដាលឲ្យប្រមុខរបស់ក្រុមនេះ លោក Nasrallah ស្លាប់។ អ៊ីស្រាអែលបានប្រកាសពីការសម្លាប់រូបលោក កាលពីថ្ងៃសៅរ៍ ហើយក្រោយមក ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំខ្លួន។
ក្រសួងសុខាភិបាលរបស់លីបង់ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៣៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប គិតចាប់តាំងពីជម្លោះ បានផ្ទុះឡើងកាលពីថ្ងៃទី៨ ខែតុលា ឡើងដល់ជាង ១.៦៧០នាក់ ក្នុងនោះមានទាំងកុមារ ១០៤នាក់ផងដែរ៕