ព្រះវិហារ ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រោយទទួលបានដី មិនត្រូវទុកដីទាំងនេះ ឲ្យនៅទំនេរ ដោយមិនបានបង្កបង្កើនផលលើដីទាំងនោះឡើយ នឹងជាពិសេសហាមដាច់ខាតមិនឲ្យមានតំបន់អបគមន៍ អ្វីមួយ នៅលើដីទាំងនោះ ។
ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងពិធីចាប់ឆ្នោតទទួលដីឡូតិ៍កសិកម្មចំនួន២ហិកតាសម្រាប់បងប្អូនប្រជាពលរដ្ឋ៣១៨គ្រួសារ ក្នុងចំណោម១០៤៤គ្រួសារ រស់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា នេះវាជាលើកទី៥ហើយៗក៏ជាលើកចុងក្រោយដែរ ក្នុងការចាប់ឆ្នោតទទួលដីឡូតិ៍កសិកម្មចំនួន២ហិកតាក្នុង១គ្រួសារ សម្រាប់បងប្អូនប្រជាពលរដ្ឋ៣១៨គ្រួសារដែលមានឈ្មោះក្នុងបញ្ជីសរុបទាំងអស់១០៤៤គ្រួសារមានឈ្មោះទទួលដីចំនួន២ហិកតាដែលជារបបនឹងជាអំណោយដ៏វិសេសវិសាលរបស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដោយផ្ទាល់នោះ។
ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលយកនូវការរងចាំពេលវេលាមួយដែលបានអូសបន្លាយយូរបន្តិច ក៏ប៉ុន្តែក្នុងការងចាំយូរបន្តិចនេះ បងប្អូនក៏បានទទួលបានដីដែលស្របច្បាប់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានបញ្ជាក់ផងដែរថា អត្ថប្រយោជន៍សំខាន់ពីរដែលបងប្អូនទទួលបាននាពេលនេះ ទី១,ដីស្រែ នឹងទី២,ផ្លូវថ្នល់ចូលទៅកាន់ស្រែនោះផងដែរ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវយកដីទាំងនេះទៅសម្រាប់ដាំដំណាំអ្វី១ដែលច្បាប់បានហាមឃាត់នោះឡើយ មួយវិញទៀតក៏មិនត្រូវយកទីតាំងដីទាំងនេះទៅបង្កើតជាទីតាំងបើកបនល្បែងស៊ីសង។
ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត–១៩ ព្រោះវាហាក់បីដូចអង្គុយរងចាំចូលមកខ្លួនយើង ដោយមិនបានដឹងនូវពេលដែលយើងមានការធ្វេសប្រហែសនោះ ។ អញ្ចឹងដើម្បីកុំឲ្យជំងឺទាំងនេះចូលជ្រៀតជ្រែកក្នុងខ្លួនយើង ក៏ដូចក្នុងសហគមន៍យើងនោះ សូមបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវចេះអនាម័យដោយលាងដៃជាមួយនឹងសាប៊ូ អាល់កុល ជែល ឲ្យបានញឹកញាប់នឹងជាប្រចាំផងដែរ៕
ដោយ ៖ សាវី




