បាតុកររាប់រយនាក់ បានដើរដង្ហែរឆ្លងកាត់ទីក្រុងឡុងដ្រ៍ កាលពីថ្ងៃសៅរ៍ ដើម្បីជំរុញឲ្យរដ្ឋាភិបាលអង់គ្លេសចូលរួមជាមួយសហភាពអឺរ៉ុប (EU) វិញ ដោយហៅ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) ថា ជាការសម្រេចដ៏អាក្រក់បំផុតដែលប្រទេសនេះបានធ្វើជាលើកដំបូង ក្នុងរយៈពេលជាច្រើនសតវត្សរ៍មកនេះ។

ដោយមានកាន់ផ្ទាំងបដាដែលសរសេរថា «បញ្ឈប់ភាពរញ៉េរញ៉ៃរបស់ Brexit» និង «Rejoin EU» (ចូលរួមជាមួយ EU វិញ) ក្រុមអ្នកតវ៉ាបានដើរដង្ហែពីតំបន់ Hyde Park ទៅកាន់ទីលានមុខរដ្ឋសភា។ ក្រុមបាតុករ បាននិយាយថា Brexit បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអង់គ្លេស និងជីវិតរបស់ប្រជាជនសាមញ្ញ។

គួរបញ្ជាក់ថា ការស្ទង់មតិមតិ នៅខែកុម្ភៈ បានរកឃើញថា សាធារណជនអង់គ្លេស ៥៦ភាគរយ ជឿថា វាជាកំហុសក្នុងការចាកចេញពីសហភាពអឺរ៉ុប។ ការស្ទង់មតិមួយទៀត ដែលធ្វើឡើងដោយស្ថាប័នស្ទង់មតិ YouGov នៅក្នុងខែសីហា បានបង្ហាញថា ប្រជាជនអង់គ្លេស រហូតដល់ ៥៩ភាគរយ នឹងបោះឆ្នោតគាំទ្រ ប្រសិនបើមានប្រជាមតិ ជុំវិញការវិលត្រឡប់ចូលជាមួយសហភាពអឺរ៉ុបវិញ។
Brexit បានគ្របដណ្ដប់លើនយោបាយអង់គ្លេស និងធ្វើឲ្យប្រទេសបាក់បែកអស់ជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ចក្រភពអង់គ្លេសបានបោះឆ្នោតចាកចេញពី EU ដោយមានសំឡេង ៥២ភាគរយ ទល់នឹង ៤៨ភាគរយ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ចក្រភពអង់គ្លេសបានចាកចេញពីទីផ្សារអឺរ៉ុបតែមួយ និងសហភាពគយរបស់សហភាពអឺរ៉ុប។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ពាណិជ្ជកម្មទំនិញ នឹងបន្តមិនមានពន្ធគយ និងគ្មានកូតា៕