ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ បានចាប់ផ្ដើមដំណើរការស្វែងរកជនអន្តោប្រវេសន៍ប្រមាណជា ៤៨នាក់ដែលបាត់ខ្លួន ចាប់តាំងពីទូកដឹកពួកគេ បានលិចនៅជិតកោះ El Hierro របស់ប្រទេសអេស្ប៉ាញ ដោយហេតុការណ៍នេះអាចក្លាយជាឧបទ្ទវហេតុមានអ្នកស្លាប់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំនៃការធ្វើដំណើរឆ្លងពីទ្វីបអាហ្វ្រិកទៅកាន់ប្រជុំកោះ Canary។

សេវាសង្គ្រោះបន្ទាន់ និងជួយសង្គ្រោះ បានឲ្យដឹងថា មនុស្សចំនួន ៩នាក់ ដែលក្នុងនោះមានម្នាក់ជាកុមារ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីទូកដឹកពួកគេ បានលិច កាលពីព្រឹកថ្ងៃសៅរ៍។ ក្រុមអ្នកជួយសង្គ្រោះអាចជួយជនអន្តោប្រវេសន៍បានចំនួន ២៧នាក់ ក្នុងចំណោម ៨៤នាក់ ដែលកំពុងព្យាយាមធ្វើដំណើរទៅឲ្យដល់ឆ្នេរសមុទ្ររបស់អេស្ប៉ាញ។

អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន Reuters បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរ ១គ្រឿង បានចាកចេញពីកោះ El Hierro នៅថ្ងៃអាទិត្យ ដើម្បីបន្តប្រតិបត្តិការរុករក។ យានជួយសង្គ្រោះបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅតាមក្រោយ រួមជាមួយនឹងជំនួយពីផ្លូវអាកាស។
អាជ្ញាធរអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ទាំងនោះ មកពីប្រទេសម៉ាលី ម៉ូរីតានី និងសេណេហ្គាល់។ សេវាសង្គ្រោះបន្ទាន់បានទទួលការហៅទូរស័ព្ទ កាលពីថ្ងៃសៅរ៍ ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រពីទូកដែលមានទីតាំងនៅចម្ងាយប្រហែល ៤ម៉ាយល៍ភាគខាងកើតនៃកោះ El Hierro។ ពួកគេបានប្រាប់ថា ទូកបានលិច អំឡុងពេលជួយសង្គ្រោះ៕