ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១០០ នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយោធារបស់អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តការទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហេសបូឡានៅទីនោះ ហើយបានវាយប្រហារប្រទេសយេម៉ែនផងដែរ។

ក្រសួងសុខាភិបាលក្នុងការកែសម្រួលចំនួនអ្នកស្លាប់ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានរុញឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៥ នាក់ និង ៣៥៩ នាក់របួស ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងរបស់រដ្ឋធានីបេរូតកាលពីថ្ងៃសុក្រ បានសម្លាប់មេដឹកនាំក្រុមហេសបូឡារបស់ប្រទេសលីបង់ លោក ហាសាន ណាស្រាឡា (Hassan Nasrallah) ដែលបានបាញ់ផ្លោងឆ្លងព្រំដែនជាមួយអ៊ីស្រាអែលអស់រយៈពេលជិតមួយឆ្នាំ។

ក្រុមហេសបូឡា និយាយថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បង្កឲ្យមានសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីនសព្វថ្ងៃ។
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា មានការវាយឆ្មក់តាមអាកាសយ៉ាងសាហាវព្រៃផ្សៃនៅជិតទីក្រុងស៊ីដូន (Sidon) ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ខណៈមនុស្សរាប់សិបនាក់ទៀតបានស្លាប់នៅភាគខាងកើត នៅភាគខាងត្បូង និងក្នុង និងជុំវិញរដ្ឋធានីបេរូត៕