ក្រុមបាតុករដែលបានគប់ដុំថ្មនៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានប៉ះទង្គិចគ្នា ជាមួយនគរបាលដែលបានរារាំងពួកគេមិនឲ្យចូលទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ក្នុងអំឡុងពេលធ្វើបាតុកម្ម ជុំវិញការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah ធ្វើឡើងដោយអ៊ីស្រាអែល។

ក្រុមអ្នកតវ៉ា បានស្រែកថា «ស្លាប់ទៅអាមេរិក» ខណៈកំពុងកាន់ទង់ជាតិហេសបូឡា និងផ្ទាំងរូបភាព របស់លោក Nasrallah ។
នគរបាល បាននិយាយថា មន្ត្រីចំនួន៧នាក់បានរងរបួស និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសារតែការគប់ដុំថ្មដោយក្រុមបាតុករ ហើយក្រុមអ្នកតវ៉ាបានព្យាយាមចូលទៅដល់តំបន់នានាហួសពីខ្សែរាំងហាមឃាត់។
អ្នកនាំពាក្យនគរបាល បាននិយាយថា អាជ្ញាធរនឹងចុះបញ្ជីករណីព្រហ្មទណ្ឌលើក្រុមបាតុករដែលបានធ្វើសកម្មភាពយ៉ាងហិង្សា។ គណបក្សនយោបាយផ្នែកសាសនានិកាយស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ ឈ្មោះ ម៉ាយលីសវ៉ាហាដាទុល មូស្លីមមីន(Majlis Wahadatul Muslimeen) បានរៀបចំការជួបជុំគ្នាដែលមានមនុស្សប្រមាណ ៣.០០០ នាក់ក្នុនៅងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស។
ជាមួយគ្នានេះ ជនមូស្លីមនិកាយស៊ុននី នៅក្នុងទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន និងទីក្រុង Islamabad ក៏បានចេញធ្វើបាតុកម្ម និងធ្វើពិធីបុណ្យសពជានិមិត្តរូបសម្រាប់ លោក Nasrallah ផងដែរ។