អ៊ីស្រាអែល និយាយថា ខ្លួនបានទម្លាក់គ្រាប់បែកលើគោលដៅក្រុម ហ៊ូទី (Houthi) ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ហើយបានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតនៅក្នុងប្រទេសលីបង់ ដោយពង្រីកការប្រឈមមុខដាក់គ្នាជាមួយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ពីរថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំក្រុម ហេសបូឡា លោក សាយយ៉េដ ហាសសាន ណាស្រាឡា (Sayyed Hassan Nasrallah)។

អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសលើកំពង់ផែ ហូដៃដា (Hodeidah) របស់យេម៉ែន គឺជាការឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលរបស់ក្រុមហ៊ូទី លើអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលមានការភ័យខ្លាចថាការប្រយុទ្ធនៅមជ្ឈិមបូព៌ាអាចរាលដាលចេញពីការគ្រប់គ្រង និងអូសទាញអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូទី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងជិត ៣០នាក់របួស។
ការវាយប្រហារនេះបានកើតឡើងស្របពេលដែលអ៊ីស្រាអែល បន្តវាយប្រហារគោលដៅជាច្រើនទៀតនៅក្នុងលីបង់ ជាទីដែលការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ បានសម្លាប់មេដឹកនាំកំពូលក្រុមហេសបូឡា និងបានបណ្តេញមនុស្សរាប់សែននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ។ ក្រសួងសុខាភិបាលលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សជាង ១០០នាក់។

អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាបន្តការវាយប្រហាររបស់ខ្លួន។ យានដ្រូនរបស់អ៊ីស្រាអែល បានហោះពីលើទីក្រុងបេរូត ពេញមួយយប់ថ្ងៃសៅរ៍ និងបន្តចូលដល់ថ្ងៃអាទិត្យ ជាមួយនឹងសំឡេងផ្ទុះយ៉ាងខ្លាំងក្លាពីការវាយប្រហារតាមអាកាសថ្មីបានបន្លឺឡើងជុំវិញរដ្ឋធានីលីបង់។ អាមេរិក បានជំរុញឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះនៅលីបង់ ប៉ុន្តែក៏បានអនុញ្ញាតឱ្យយោធារបស់ខ្លួនពង្រឹងកម្លាំងនៅក្នុងតំបន់ផងដែរ៕