នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី០៦ ខែតុលា។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារថា៖ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។»។
គួរឱ្យដឹងថា ហ្រ្វង់កូហ្វូនីគឺអង្គការអន្តរជាតិមួយដែលមានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ហ្វ្រង់កូហ្វូនីគឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។
