ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន “បំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។

ក្រសួងបាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ដោយថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ តែយ៉ុល (Cho Tae-yul) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ លោក Wang ក៏បានអំពាវនាវឱ្យបញ្ចៀស “សង្គ្រាម ឬភាពចលាចលនៅលើឧបទ្វីបកូរ៉េ”។

សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន (Typhon) ដែលអាចបំពាក់មីស៊ីលតម្រង់គោលដៅ ដោយមានសមត្ថភាពវាយប្រហារគោលដៅរបស់ចិនក្នុងឆ្នាំនេះ។ ប្រទេសចិន បានទាមទារឱ្យដកប្រព័ន្ធនោះចេញ ហើយរុស្ស៊ី បានចូលរួមថ្កោលទោសការដាក់ពង្រាយប្រព័ន្ធនេះលើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបញ្ឆេះការប្រណាំងសព្វាវុធ។

លោក Wang បាននិយាយថា ការដាក់ពង្រាយនេះ “មិនមែនជាផលប្រយោជន៍របស់បណ្ដាប្រទេសក្នុងតំបន់ឡើយ”។ ហ្វីលីពីន ជាអ្នកជិតខាងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅអាស៊ី ហើយនឹងក្លាយជាចំណុចសំខាន់មិនអាចខ្វះបានសម្រាប់យោធាដើម្បីជួយទីក្រុងតៃប៉ិ ក្នុងករណីមានការវាយក្រសោបពីប្រទេសចិន៕