នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបានសំណេះសំណាលផងដែរជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅលេងស្រុកកំណើត នៅទីតាំងចំណត(ជ្រោយចង្វារ) នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសពិធីបុណ្ឌភ្ជុំបិណ្ឌនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។
សម្តេចធិតបីក៏បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុងចំនួន៤៩៧ គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន ៥៦ គ្រឿងផ្សេងទៀតពីរាជធានីភ្នំពេញទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ ខណៈដែលសម្តេចបានណែនាំឱ្យផ្តល់ជូនរថយន្តក្រុងនេះចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ថារថយន្តក្រុងសាធារណះចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ចូនពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស បានកំពុងដំណើរការរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ រថយន្តទាំង ៦៥៣ គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ ១០០គ្រឿងប្រើប្រាស់សម្រាប់ការដឹកជញ្ចូនក្នុងរាជធានីភ្នំពេញ ៤៩៧ គ្រឿង ប្រើសម្រាប់ការដឹកជញ្ចូនទៅតាមបណ្តាខេត្តទាំងអស់ ចំណែក ៥៣ គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ចូនពលរដ្ឋទៅខេត្តនៅភូមិភាគឦសាន រួមមានមណ្ឌលគីរី រតនៈគីរី ក្រចេះ និងស្ទឹងត្រែង៕