លោក Donald Trump កាលពីថ្ងៃសៅរ៍ (២៨ កញ្ញា) បានបង្កើនវោហាសាស្ត្រវាយប្រហារដ៏កម្រោលបំផុតរបស់ខ្លួនប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងប្រព្រឹត្តឧក្រិដ្ឋកម្ម ជាពិសេសប្រឆាំងនឹងស្ត្រីវ័យក្មេង ខណៈក៏បន្តបង្កើនការប្រមាថផ្ទាល់ខ្លួនរបស់លោកប្រឆាំងនឹងគូប្រជែង គឺលោកស្រី Kamala Harris។

នៅក្នុងរដ្ឋប្រទាញប្រទង់ វីស្ខនសិន (Wisconsin) លោក Trump បានហៅអនុប្រធានខាងបក្សប្រជាធិបតេយ្យ លោកស្រី Harris ដែលកាលពីថ្ងៃសុក្រ បានទៅពិនិត្យព្រំដែនអាមេរិក-ម៉ិកស៊ិក ជាលើកដំបូងនៅក្នុងយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ របស់ខ្លួន ថាជាមនុស្ស “ខូចសតិ” និង “ពិការផ្លូវចិត្ត”។

បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងបែបនេះក្នុងព្រឹត្តិការណ៍មួយអមដោយផ្ទាំងរូបភាពជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកដែលត្រូវបានចាប់ខ្លួនពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មហិង្សាផ្សេងទៀត ព្រមទាំងបដាដែលសរសេរថា “បញ្ចប់ឧក្រិដ្ឋកម្មជនអន្តោប្រវេសន៍” និង “និរទេសមនុស្សខុសច្បាប់ឥឡូវនេះ”។

លោក Trump បានហៅអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មហិង្សាថាជា “បិសាច” និង “ឃាតករឈាមត្រជាក់”។ អតីតប្រធានាធិបតីរូបនេះ បានជាប់គាំងក្នុងការប្រជែងយ៉ាងប្រកៀកប្រកិតជាមួយលោកស្រី Harris នៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ ការស្ទង់មតិមតិបានបង្ហាញថា អន្តោប្រវេសន៍ និងព្រំដែនភាគខាងត្បូង គឺជាបញ្ហាចម្បងមួយសម្រាប់អ្នកបោះឆ្នោត។
បេក្ខភាពបក្សសាធារណរដ្ឋ លោក Trump បានស្តីបន្ទោសលោកស្រី Harris និងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ចំពោះការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍គ្មានឯកសារចូលសហរដ្ឋអាមេរិក ដោយចោទប្រកាន់ជនអន្តោប្រវេនស៍មួយចំនួនថាមានបំណង “រំលោភ ប្លន់ និងសម្លាប់ប្រជាជនសហរដ្ឋអាមេរិក”៕