នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែលមួយលាននាក់ត្រូវបានរត់ភៀសខ្លួនទូទាំងប្រទេសលីបង់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលក្លាយជារលកនៃការភៀសខ្លួនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ក្រៅតែពីការភៀសខ្លួនក្នុងប្រទេស ក៏មានប្រជាពលរដ្ឋច្រើនទៀតរត់ភៀសខ្លួនឆ្លងចូលព្រំដែនប្រទេសស៊ីរីដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលនៅរដ្ឋធានីបេរូត ថាប្រទេសលីបង់កំពុងជួបប្រទះរលកនៃការរត់ភៀសខ្លួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។

លោកបានគូសបញ្ជាក់ថា អាទិភាពរបស់យើងគឺបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្តតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត ។ យើងគ្មានជម្រើសផ្សេងទេ។
លោក Mikati ក៏បានបញ្ជាក់ជាថ្មីផងដែរនូវការប្តេជ្ញាចិត្តរបស់លីបង់ចំពោះដំណោះស្រាយលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា។

លោកបាននិយាយថា កងទ័ពលីបង់បានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តដំណោះស្រាយ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់ការកើនឡើងបន្ថែមទៀត ខណៈអ៊ីស្រាអែលបន្តការវាយប្រហារសម្លាប់មនុស្សជាច្រើនរៀងរាល់ថ្ងៃ។
យោងតាមក្រុមអាជ្ញាធរលីបង់ មនុស្សយ៉ាងហោចណាស់១.៦៧៣នាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី ១៩៤ នាក់ កុមារ ១០៤នាក់ និងជាង៨.៦០០នាក់ផ្សេងទៀតបានរងរបួស៕