ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ថាជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ា «ត្រូវតែបញ្ចៀស» ខណៈការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សប្រមាណ៥០នាក់នៅក្នុងប្រទេសលីបង់ ហើយបានវាយប្រហារទៅលើគោលដៅនៅតំបន់ហ្កាហ្សា និងគោលដៅឆ្ងាយក្នុងប្រទេសយេម៉ែន។

ខណៈត្រូវបានសួរដោយអ្នកសារព័ត៌មាន អំពីតម្រូវការចាំបាច់ដើម្បីបញ្ចៀសជម្លោះក្នុងតំបន់ លោក Biden បាននិយាយថា «វាត្រូវតែបញ្ចៀស វាពិតជាត្រូវបញ្ចៀស»។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកនឹងសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប៉ុន្តែពុំបាននិយាយថាតើនៅពេលណានោះទេ។

លោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនឹងប្រាប់អ្នក ពីអ្វីដែលខ្ញុំនិយាយទៅកាន់លោក Netanyahu នៅពេលខ្ញុំ បានសន្ទនាជាមួយគាត់» ។
បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដ៏ធំនៅទីក្រុងបេរូតកាលពីថ្ងៃសុក្រ ក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតថ្មីដ៏សន្ធាប់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ខណៈអ៊ីរ៉ង់ និយាយថា ការស្លាប់របស់លោក Nasrallah នឹងត្រូវតែសងសឹក។
ការបាញ់ផ្លោងកាន់តែខ្លាំងរបស់អ៊ីស្រាអែល បានបង្កើនការព្រួយបារម្ភថា ជម្លោះអាចអូសបន្លាយពេលពីការគ្រប់គ្រង ខណៈសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានអនុញ្ញាតឱ្យយោធាបន្ថែមកម្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងកំពុងជំរុញឱ្យមានដំណោះស្រាយផ្នែកការទូត។