ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា , លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសំណេះសំណាលជាមួយមន្ដ្រី និងប្រជាការពារទូទាំងខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ក្នុងឱកាសនោះលោក សោម សុវណ្ណ បានមានប្រសាសន៍ជូនពរដល់បងប្អូនមន្ត្រី និងប្រជាការពារនៅទូទាំងខណ្ឌ សូមឱ្យជួបតែភាពសុខសប្បាយ ក្នុងដំណើរទៅស្រុកកំណើតទាំងនៅទីជិត និងទីឆ្ងាយ ពិេសសនោះ គឺការបើកបរគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ ។
សម្រាប់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងដែរថា មន្ត្រីរដ្ឋបាលខណ្ឌ ក៏ដូចជាបងប្អូនប្រជាការពារ តែងតែសស្រាក់សស្រាំណាស់ជាមួយការខិតខំបំពេញភារកិច្ច និងកិច្ចការងារក្នុងដែនរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នោះហើយក្នុងនាមថ្នាក់ដឹកនាំខណ្ឌ គឺចាំបាច់ត្រូវគិតគូរជាមួយបងប្អូនតាមរយះការឧបត្ថម្ភ ជាភេសជ្ជៈ និងលុយកាក់បន្តិចបន្តួច សម្រាប់ឱ្យបងប្អូនអាចយកទៅប្រើប្រាស់ ក្នុងរដូវកាលបុណ្យទាននេះ ។
សូមបញ្ជាក់ថា លោកអភិបាលខណ្ឌបានឧបត្ថម្ភមន្ត្រី ក្នុងម្នាក់ទទួលបានមី១កេស , ទឹកក្រូច១កេស និងថវិកាមួយចំនួន ។ ចំណែកប្រជាការពារវិញ ក្នុងម្នាក់ៗ មី១កេស , ទឹកក្រូច១កេស , អង្ករមួយបាវ និងថវិកាមួយចំនួនផងដែរ ៕ លីហេង





