យោងតាមក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសចិន (CSRG) បានឱ្យដឹងថា បណ្តាញផ្លូវរថភ្លើងរបស់ប្រទេស រំពឹងថា នឹងមានអ្នកដំណើរចំនួន ១៧៥លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល ១០ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ខណៈមនុស្សម្នារាប់លាននាក់ទូទាំងប្រទេសសម្រុកធ្វើដំណើរជួបជុំគ្រួសារ។

ទិវាបុណ្យជាតិ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ហើយត្រូវបានគេស្គាល់ថាជា “សប្តាហ៍មាស” (Golden Week) គឺជាថ្ងៃឈប់សម្រាកជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ចិន។

រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ចិន បានព្យាករថានឹងមានកំណើន ១៨,៥% ធៀបនឹងឆ្នាំមុននៃច្រកចូលនិងចេញតាមព្រំដែន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ជាមួយនឹងតួលេខជាមធ្យមប្រចាំថ្ងៃចំនួន ១,៧៥លានដំណើរ ឆ្លងកាត់ទូទាំងប្រទេស។
នៅក្នុងតំបន់ដីសណ្ដទន្លេ ឆាងជាំង (Yangtze River) ដែលជាតំបន់សេដ្ឋកិច្ចដ៏រស់រវើកបំផុតរបស់ចិន បណ្តាញផ្លូវដែកនេះត្រូវបានគេរំពឹងថានឹងមានការធ្វើដំណើរពីមនុស្សជាង ៣៤លាននាក់ ក្នុងអំឡុងពេលថ្ងៃបុណ្យដ៏មមាញឹកនោះ។

ក្រុមហ៊ុនបានរាយការណ៍ថា ការធ្វើដំណើរតាមរថភ្លើងដ៏ច្រើនកុះករចាប់ពីថ្ងៃអាទិត្យ (២៩ កញ្ញា) ដល់ថ្ងៃទី០៨ ខែតុលា ត្រូវបានគេរំពឹងថានឹងនាំមកនូវភាពចម្រុះនៃភ្ញៀវទេសចរជាតិ នឹងអន្តរជាតិ ប្រជាពលរដ្ឋ និងនិស្សិតទូទាំងប្រទេស៕