សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) បានអនុម័តថវិកាចំនួន ៥៦៧លានដុល្លារ ក្នុងជំនួយផ្នែកការពារជាតិសម្រាប់កោះតៃវ៉ាន់ ដែលជាជំហានចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញយោធារបស់កោះនេះ ដែលប្រឈមមុខនឹងកំណើនភាពតានតឹងជាមួយប្រទេសចិន។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាពុំមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ចិន បានទាមទារម្តងហើយម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់លក់សព្វាវុធទៅឱ្យតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា លោក Biden បានប្រគល់អំណាចឱ្យអាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស “ដើម្បីដឹកនាំការដកប្រាក់រហូតដល់ ៥៦៧លានដុល្លារ នៅក្នុងផ្នែក និងសេវារបស់ក្រសួងការពារជាតិ រួមទាំងការអប់រំ និងបណ្តុះបណ្តាលយោធា ដើម្បីផ្តល់ជំនួយដល់កោះតៃវ៉ាន់” ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ប្រទេសចិន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីបញ្ជាក់ការអះអាងសិទ្ធិ ខណៈរិះគន់ទីក្រុងវ៉ាស៊ីនតោន លើការបន្តផ្គត់ផ្គង់សព្វាវុធឱ្យកោះតៃវ៉ាន់ ដោយនិយាយថា ការបន្តផ្ដល់សព្វាវុធដល់ទីក្រុងតៃប៉ិ បានបំពានគោលការណ៍ចិនតែមួយ៕