មនុស្សរាប់រយនាក់ បានចេញធ្វើបាតុកម្មទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកោះស៊ីប កាលពីថ្ងៃអាទិត្យ ដោយតវ៉ាអំពីតួនាទីរបស់ប្រទេសនេះនៅក្នុងជម្លោះនៅតំបន់ហ្កាហ្សា។ ដោយមានកាន់បដា និងទង់ជាតិ ក្រុមបាតុករបានដើរដង្ហែទៅកាន់ច្រកទ្វារធំនៃមូលដ្ឋានទ័ពអាកាស Akrotiri នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសស៊ីប។

ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសន្តិភាពប្រទេសស៊ីប និងគាំទ្រដោយគណបក្សប្រឆាំងឆ្វេងនិយម AKEL ដែលបានជំរុញឱ្យប្រជាជនប្រមូលផ្តុំគ្នា នៅខាងក្រៅមូលដ្ឋាន។
ក្រុមប្រឹក្សាសន្តិភាពប្រទេសស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពយោធាជើងគោក និងអាកាសនៅជុំវិញទីក្រុង Akrotiri បង្កើនការព្រួយបារម្ភថា ប្រទេសស៊ីប អាចក្លាយជាគោលដៅសម្រាប់ការវាយប្រហារ»។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស បានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសស៊ីប ដើម្បីជួយដល់ការជម្លៀសពលរដ្ឋដែលជាប់ខ្លួននៅក្នុងប្រទេសលីបង់ ក្នុងពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានឈានដល់ការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុន។

ចក្រភពអង់គ្លេស មានមូលដ្ឋានយោធាចំនួនពីរកន្លែងនៅលើកោះស៊ីប ដែលជាអតីតអាណានិគមរបស់អង់គ្លេស។ មូលដ្ឋានRAF Akrotiri ត្រូវបានប្រើប្រាស់កាលពីពេលមុនជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងកងកម្លាំងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ក្នុងការសងសឹកចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម ដែលក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បាននិយាយថា ជាការឆ្លើយតបទៅនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា។
ជាការឆ្លើយតបទៅនឹងការតវ៉ា អ្នកនាំពាក្យមូលដ្ឋានរបស់អង់គ្លេស បាននិយាយថា «គ្មានជើងហោះហើរនៅមូលដ្ឋានRAF បានដឹកជញ្ជូនទំនិញបង្កគ្រោះថ្នាក់ទៅឲ្យកងកម្លាំងការពារជាតិអ៊ីស្រាអែល នោះទេ។