អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា វិសោធនកម្មគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានពង្រាង ក្នុងការឆ្លើយតបទៅនឹងភាពតានតឹងកើនឡើង នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។

ក្នុងអំឡុង បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្ស៊ី Pavel Zarubin លោកPeskov បានបញ្ជាក់ថា ប្រទេសមហាអំណាចនុយក្លេអ៊ែរ កំពុងគាំទ្រអ៊ុយក្រែនក្នុងជម្លោះ ហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូ កំពុងត្រូវបានដាក់ទីតាំងកាន់តែជិតព្រំដែនរបស់រុស្ស៊ី។ លោក បានលើកឡើងថា បច្ចុប្បន្នភាព ត្រូវបានពង្រាងរួចហើយ ហើយនឹងត្រូវដាក់ដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យធ្វើបច្ចុប្បន្នភាពមូលដ្ឋាននៃគោលនយោបាយរដ្ឋរបស់រុស្ស៊ី ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដោយបាននិយាយបន្ថែមថា វាត្រូវតែសម្របទៅនឹងការពិតនាពេលបច្ចុប្បន្ន។
លោកពូទីន បាននិយាយថា ការឈ្លានពានប្រឆាំងរុស្ស៊ី ដោយរដ្ឋគ្មាននុយក្លេអ៊ែរ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋមាននុយក្លេអ៊ែរ ត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នារបស់ពួកគេទៅលើប្រទេសរុស្ស៊ី។

លោក ពូទីន និយាយថា រុស្ស៊ីក៏នឹងពិចារណាការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ នៅពេលទទួលបានព័ត៌មានដែលអាចទុកចិត្តបាន អំពីការបាញ់អាវុធវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ រួមទាំងយន្តហោះតាកទិកឬយុទ្ធសាស្ត្រ មីស៊ីលតម្រង់គោលដៅ យានដ្រូន និងយន្តហោះល្បឿនលឿនជាងសំឡេង និងយន្តហោះផ្សេងទៀត ដែលឆ្លងកាត់ព្រំដែនរបស់រុស្ស៊ី។