យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ កញ្ញា) ថា ខ្លួនកំពុងបង្កើនសមត្ថភាពគាំទ្រផ្លូវអាកាសនៅមជ្ឈិមបូព៌ា និងដាក់កងទ័ពឱ្យស្ថិតក្នុងការត្រៀមខ្លួនខ្ពស់ដើម្បីដាក់ពង្រាយទៅកាន់តំបន់ ខណៈបានព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការពង្រីកជម្លោះដែលកំពុងបន្ត។

សេចក្តីប្រកាសនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យមន្ទីរបញ្ចកោណ កែសម្រួលឥរិយាបថកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការសម្លាប់មេដឹកនាំក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ អាចជំរុញឱ្យទីក្រុងតេអេរ៉ង់ សងសឹក។

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានផ្តល់តម្រុយមួយចំនួនប៉ុណ្ណោះទាក់ទងនឹងទំហំ ឬវិសាលភាពនៃការដាក់ពង្រាយផ្លូវអាកាសថ្មី ដោយគ្រាន់តែនិយាយថា “យើងនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពការពារដែនអាកាសរបស់យើងនៅក្នុងតំបន់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ”។
អ៊ីស្រាអែល បានបន្តវាយប្រហារលើគោលដៅជាច្រើនទៀតនៅលីបង់ កាលពីថ្ងៃអាទិត្យ ដោយសង្កត់ក្រុមហេសបូឡា ជាមួយនឹងការវាយប្រហារថ្មី បន្ទាប់ពីបានសម្លាប់មេដឹកនាំក្រុម លោក សាយយ៉េដ ហាសាន ណាស្រាលឡា (Sayyed Hassan Nasrallah) និងមេបញ្ជាការជាន់ខ្ពស់មួយចំនួនទៀតក្នុងយុទ្ធនាការយោធាដែលកំពុងកើនឡើង។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់លើសកម្មភាពរបស់ក្រុមហេសបូឡា ក្នុងការព្យាយាមបំពេញចន្លោះប្រហោងនៃថ្នាក់ដឹកនាំរបស់ខ្លួន “ហើយកំពុងបន្តជជែកជាមួយអ៊ីស្រាអែល លើជំហានបន្ទាប់ដ៏ត្រឹមត្រូវ”៕