ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការកសាងផ្ទះឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់នៅភាគពាយព្យរបស់ប្រទេសនេះ។

លោក គីម ជុងអ៊ុន បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលទស្សនកិច្ច «ការណែនាំដល់ទីកន្លែង» ទៅកាន់តំបន់ ដែលរងគ្រោះដោយទឹកជំនន់នៃខេត្ត Phyongan ខាងជើង កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ។
ភ្លៀងធ្លាក់ខ្លាំងកាលពីចុងខែកក្កដា បានជន់លិចតំបន់ធំៗ នៅតាមដងទន្លេ Amnok ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយចំនួន បានប៉ាន់ស្មានថា ចំនួនមនុស្សស្លាប់ ឬបាត់ខ្លួន អាចលើសពី ១.000 នាក់។

ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម ជុងអ៊ុន បាននិយាយថា៖«អ្នកសាងសង់ទាំងអស់ គួរតែបញ្ចប់ការសាងសង់លំនៅឋាន ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលដ៏ខ្លីបំផុត ដោយដឹកនាំការខិតខំប្រឹងប្រែងទ្វេដង និងស្មោះត្រង់ ដើម្បីផ្តល់ឲ្យប្រជាជននៅតំបន់រងគ្រោះដោយទឹកជំនន់នូវផ្ទះសម្រាប់ការរស់នៅប្រកបដោយសុភមង្គល»។
លោក បានបញ្ជាក់ម្តងទៀតថា គុណភាពនៃសំណង់ មិនមែនគ្រាន់តែជាបញ្ហានៃការដោះស្រាយផលវិបាកនៃគ្រោះធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដ៏សំខាន់ ក្នុងការអនុវត្តកម្មវិធីដ៏ទូលំទូលាយរបស់គណបក្សនេះសម្រាប់ការអភិវឌ្ឍនក្នុងតំបន់។