ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ បានប្រកាសពីការផ្តល់ជំនួយហិរញ្ញវត្ថុប្រចាំខែ ដល់ប៉ាឡេស្ទីន ដើម្បីជួយដោះស្រាយស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់ជុំវិញនោះ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ការសម្រេចនេះ គឺជាលទ្ធផលនៃការខ្នះខ្នែងរបស់ព្រះរាជាណាចក្រនេះ ក្នុងការផ្តល់ជំនួយ និងការគាំទ្រគ្រប់ទម្រង់ដល់ប៉ាឡេស្ទីន និងប្រជាជនរបស់ខ្លួនក្នុងការប្រឈមមុខនឹងការឈឺចាប់ ដែលបណ្តាលមកពីការគ្រប់គ្រងអ៊ីស្រាអែល និងការរំលោភយ៉ាងច្បាស់លាស់ចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិទាំងអស់។
អារ៉ាប៊ីសាអ៊ូឌីត បានសង្កត់ធ្ងន់សារជាថ្មីលើកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ព្រះមហាក្សត្រ សាលម៉ាន (Salman) និងព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) ក្នុងការទំនាក់ទំនងជាមួយសមាជិកសហគមន៍អន្តរជាតិ ដើម្បីឈានដល់បទឈប់បាញ់ ការពារជនស៊ីវិល និង ផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ដល់ប្រជាជនប៉ាឡេស្ទីន។
ថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ក៏ចង់ស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ និងទូលំទូលាយមួយចំពោះបញ្ហាប៉ាឡេស្ទីន ដែលអាចឲ្យប្រជាជនប៉ាឡេស្ទីនទទួលបានសិទ្ធិស្របច្បាប់ទាំងអស់របស់ពួកគេ និងបង្កើតរដ្ឋឯករាជ្យមួយ ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។