រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកចូលរួមសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ការបន្តនៃវិញ្ញាបនបត្ររបស់អ្នកប្រើប្រាស់ចុងក្រោយដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធ មិនទុកឱកាសឲ្យប្រទេសទួរគី លក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលខ្លួនបានទិញពីរុស្ស៊ី ទៅឲ្យប្រទេសផ្សេងទៀត ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូនោះទេ។

លោកបានរំលឹកថា៖«កិច្ចព្រមព្រៀងលក់សព្វាវុធ មានកថាខណ្ឌចែងអំពីវិញ្ញាបនបត្ររបស់អ្នកប្រើប្រាស់ចុងក្រោយ»។ «ដើម្បីធ្វើអ្វីផ្សេងទៀតជាមួយផលិតផលដែលត្រូវបានប្រគល់ឲ្យនៅក្រោមវិញ្ញាបនបត្របែបនេះ ដែលនិយាយអំពីប្រទេសដែលទទួលបានអាវុធទាំងនេះ ដែលជាអ្នកប្រើប្រាស់ចុងក្រោយ គឺការយល់ព្រមពីប្រទេសដែលបានលក់អាវុធទាំងនេះ គឺពិតជាចាំបាច់»។

នៅក្នុងគ្រប់ទិដ្ឋភាពផ្សេងទៀត លោក ឡាវរ៉ូវ បានកត់សម្គាល់ថា៖«មិនមានអ្វីត្រូវផ្តល់យោបល់ទេ» ទាក់ទងនឹងការទិញប្រព័ន្ធការពារដែនអាកាសS-400 របស់រុស្ស៊ី ដោយទីក្រុងអង់ការ៉ានោះ។

លោក ឡាវរ៉ូវ បាននិយាយថា៖«ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) គឺជារដ្ឋបុរសដែលមានបទពិសោធ។ គាត់ធ្វើការសម្រេចចិត្តលើបញ្ហាណាមួយ ដើម្បីផលប្រយោជន៍ប្រជាជនរបស់គាត់ និងប្រទេសរបស់គាត់»។